ថ្ងៃនេះសូមលើកយករឿងនិទានចិនខ្លីមួយមកចុះផ្សាយឲ្យប្រិយមិត្តបានអានកំសាន្តលេងអារម្មណ៍លំហែកាយមួយសិន
គឺរឿង យកត្រាប់ចំណុចអាក្រក់របស់អ្នកដទៃ។ នាងសៃស៊ីជាស្រ្តីស្រស់សោភាម្នាក់របស់ចិន
ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីថា ស្អាតខ្លាំងណាស់ ប៉ុន្តែសៃស៊ីមានអាការជម្ងឺបេះដូងបន្តិច។
ពេលខ្លះនាងក៏ឈឺដើមទ្រូងត្រូវយកដៃខ្ទប់ដើមទ្រូងជាប់ មានទឹកមុខខ្មូរក្រមូវភ្លាមៗ។ ប៉ុន្តែស្រីស្អាតធ្វើអ្វីក៏ស្អាតដែរ
យកដៃក្តោបដើមទ្រូងធ្វើមុខឡើងស្អុយខ្មូរ ហើយអ្នកផងទាំងពួងនៅតែប្រាប់ថានាងស្អាតដដែល។
ក្នុងស្រុកនោះមានស្ត្រីរូបអាក្រក់ម្នាក់យល់ច្រឡំចិត្តគិតខុសថា សៃស៊ីស្អាតបានព្រោះនាងយកដៃក្តោបដើមទ្រូងហើយធ្វើមុចខ្មូរក្រមូវ។
ម្លោះហើយនាងក៏យកតម្រាប់ធ្វើតាម ពេលនាងដើរកាត់មុខអ្នកណាមួយ នាងក៏យកដៃក្តោមដើមទ្រូងធ្វើមុចខ្នូរក្រមូវដើរចូលទៅរកគេ។
ប្រិយមិត្តសាកគិតលោមើលថា មនុស្សដែលមានអាការប្រកតីអាក្រក់ស្រេចទៅហើយ ថែមទាំងធ្វើមុចខ្មូរក្រម៉ូវទៀតនោះ
តើវាយ៉ាងម៉េចទៅ? កាន់តែសម្តែងឡើងទៅរកគេពេលណា គេកាន់តែដើរគេចមិនចូលចិត្តឡើងនៅពេលនោះ។ នេះគឺជាមនុស្សដែលចាប់កំហុសគេមិនត្រូវ
សម្លឹងមើលមូលហេតុនៃសេចក្ដីសម្រេចគេមិនឃើញ។
យើងមើលចំណុចល្អរបស់អ្នកដទៃមិនឃើញ ហើយទៅចាប់រឿងដែលគ្មានប្រយោជន៍គ្មានខ្លឹមសាររបស់គេ។
យើងកុំទៅសើចចំអកដាក់នាងអី។ យើងត្រូវក្រលេកមកមើលខ្លួនឯងសិនថា ពិតណាស់ហើយ តើយើងខ្លួនឯងយកពេលមកមើលអ្វី? ត្រូវស្ងៀមនឹង រួចហើយសម្លឹងរកមើលការពិតឲ្យឃើញថា
មនុស្សម្នាក់ៗដែលគេមានចំណុចល្អត្រង់ភាពជោគជ័យ តើវាកើតមានព្រោះអ្វី? កុំទៅមើលតែសំបកខាងក្រៅ ត្រងពណ៌សម្បុរ
សម្ភារៈ ឲ្យពិនិត្យមើលឲ្យដល់ខ្លឹមខាងក្នុង ហើយយើងនឹងតាំងចិត្តហាត់ពត់លត់ដំកាយចិត្ត។
នៅចុងក្រោយ យើងនឹងជាមនុស្សម្នាក់ដែលទទួលបានជោគជ័យនៅក្នុងជីវិតជាក់ជាមិនខានឡើយ៕

No comments:
Post a Comment