សូមទោសដែលបងមើលរំលងអូន
រំពេចនោះ ខ្ញុំពិតជាពិបាកហាមាត់និយាយទៅកាន់នាងណាស់
មានតែបណ្ដោយឲ្យនាងស្វែងយល់ពីអ្វីដែលខ្ញុំចង់និយាយដោយខ្លួនឯង។ តែចុងក្រោយខ្ញុំបាននិយាយទៅកាន់នាងតិចៗថា
ខ្ញុំចង់សុំលែងលះជាមួយនាង។ ផ្ទុយទៅវិញនាងហាក់ដូចជាមិនខឹងនឹងពាក្យសម្ដីមួយមាត់នេះសោះ
បែរជាតបមកវិញដោយពាក្យសម្ដីទន់ភ្លន់ថា “ហេតុអី? អូនមានខុសអីមែនទេ?”។
ខ្ញុំព្យាយាមគេចវេះមិនឆ្លើយសំណួរនេះ
ជាហេតុធ្វើឲ្យនាងកាន់តែខឹង។ នាងបានគ្រវែងចាន ស្លាបព្រា និងបានស្រែកឲ្យខ្ញុំថា “បងឯងមិនមែនជាមនុស្សប្រុសទេ”។ នៅយប់នោះ យើងមិនបាននិយាយតបគ្នាទៅវិញទៅមកច្រើនទៀតទេ។
នាងយំជាខ្លាំង និងប្រហែលជាចង់ដឹងថា មានអ្វីកើតឡើងក្នុងចំណងអាពាហ៍ពិពាហ៍មួយនេះ។ ខ្ញុំពិបាកនឹងរកចម្លើយដែលពេញចិត្តប្រាប់ដល់នាងណាស់
តាមពិតខ្ញុំបានលង់ស្នេហ៍ជាមួយនារីទីបីម្នាក់ទៀត។
ជាមួយនឹងកំហុសដ៏ធ្ងន់ធ្ងរនេះ ខ្ញុំបានធ្វើពង្រាងលិខិតលែងលះដែល
ប្រគល់ផ្ទះ ឡាន និងទ្រព្យសម្បត្តិ ៥០% របស់ខ្ញុំទៅឲ្យនាង។ នាងបានសម្លក់ក្រដាសមួយសន្លឹកនោះ
និងបានយកវាមកហែកជាខ្ទេចខ្ទីជាចម្រៀកតូចៗ។ នារីម្នាក់ដែលបានចំណាយពេលវេលា១០ឆ្នាំក្នុងជីវិតនាងជាមួយខ្ញុំ
ពេលនេះបានក្លាយជាមនុស្សចម្លែកដែលហាក់មិនស្គាល់គ្នា។ ខ្ញុំបានការសោកស្ដាយណាស់ដែលបំផ្លាញពេលវេលា
ធនធាន និងថាមពលរបស់នាង ប៉ុន្តែខ្ញុំមិនអាចទាញមកវិញនូវពាក្យដែលថា ខ្ញុំស្រលាញ់នារីទីបីអស់ពីបេះដូងនោះឡើយ។
នាងចាប់ផ្ដើមយំកាន់តែខ្លាំងឡើងខ្លាំងឡើងចំពោះមុខខ្ញុំ ដូចអ្វីដែលខ្ញុំគិតទុក។ ចំពោះខ្ញុំនៅពេលនោះការយំប្រហែលជាអាចជួយឲ្យនាងធូរស្រាលជាងនេះ។
គំនិតចង់លែងលះដែលខ្ញុំគិតទុកជាច្រើនសប្ដាហ៍ឥលូវកាន់តែច្បាស់ឡើងសម្រាប់ខ្ញុំ។
នៅថ្ងៃបន្ទាប់ ខ្ញុំបានមកផ្ទះយប់ជាងរាល់ដង
និងឃើញនាងកំពុងអង្គុយសរសេរអ្វីម៉្យាងនៅលើតុ។ ខ្ញុំមិនញ៉ាំអាហារអ្វីទេ និងបានដើរតម្រង់ទៅបន្ទប់គេងតែម្ដង។
ខ្ញុំគេងលក់ភ្លាមៗដោយសារធ្វើការអស់កម្លាំង និងចំណាយពេលវេលាដើរលេងជាមួយស្រីទីបី។ ភ្ញាក់ឡើងពាក់កណ្ដាលយប់
ខ្ញុំបានឃើញនាងនៅសរសេរនៅឡើយ។ ខ្ញុំមិនខ្វល់ពីនាងទេ និងបានគេងលក់ទៅវិញ។
លុះព្រឹកឡើង នាងបាននិយាយលក្ខខណ្ឌការលែងលះជាមួយខ្ញុំថា
នាងមិនចង់បានអ្វីទាំងអស់ពីខ្ញុំ ក្រៅពីសុំឲ្យទុកពេល១ខែ ដើម្បីព្យាយាមយល់ចិត្តគ្នាឡើងវិញមុននឹងសម្រេចចិត្តលែងលះ។
ហេតុផលនាងគឺងាយៗ ដោយសារកូនប្រុសរបស់យើងនឹងប្រឡងនៅចុងខែនេះ ដូច្នេះនាងមិនចង់ឲ្យមានការប៉ះពាល់ផ្លូវចិត្តគេដោយសាររឿងនេះទេ។
ខ្ញុំបានយល់ស្របនឹងនាង ប៉ុន្តែនាងទាមទារច្រើនជាងនេះ
ដោយឲ្យខ្ញុំរំលឹកពីពេលដែលខ្ញុំដឹកដៃនាងចូលក្នុងរោងការ។ នាងសុំទៀតថាជារៀងរាល់ព្រឹកក្នុងរយៈពេលមួយខែនេះ
ឲ្យខ្ញុំដឹកដៃនាងពីបន្ទប់គេងទៅមុខផ្ទះរហូត។ ”នាងប្រហែលជាមានបញ្ហាខួរក្បាលទេដឹង!” ខ្ញុំគិត។ ប៉ុន្តែ
ដើម្បីឲ្យថ្ងៃចុងក្រោយរវាងយើងទាំងពីរមានអនុស្សាវរីយ៍ល្អនឹងគ្នាខ្ញុំយល់ព្រមតាមនាង។
ខ្ញុំបាននិយាយលក្ខខណ្ឌការលែងលះនេះប្រាប់ដល់នារីទីបីរបស់ខ្ញុំ។
នាងសើចខ្លាំងៗ និងគិតថាវាជាគំនិតឆ្កួតៗ។ និងបាននិយាយមកកាន់ខ្ញុំថា “បើទោះជានាងប្រឹងលេងល្បិចយ៉ាងណា
ក៏ចុងក្រោយត្រូវតែលែងលះដែរ”។
ប្រពន្ធខ្ញុំ និងខ្ញុំមិនបានចុះដំណេកជាមួយគ្នាយូរហើយ
តាំងពីថ្ងៃដែលខ្ញុំប្រាប់ថាចង់លែងលះជាមួយនាង។ ដូច្នេះនៅថ្ងៃដំបូងដែលខ្ញុំកាន់ដៃនាងចេញក្រៅផ្ទះ
ហាក់ដូចជាឆ្គងៗ។ កូនប្រុសរបស់យើងបានទះដៃក្រោយខ្នងយើង និយាយថា “ប៉ាប៉ាកាន់ដៃម៉ាក់”។ សម្ដីនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខុសចំពោះគេ។
ពីបន្ទប់គេង ទៅកាន់បន្ទប់ទទួលភ្ញៀវ និងទៅកាន់ក្លោងទ្វារ ខ្ញុំបន្តកាន់ដៃនាងប្រហែល ១០ម៉ែត្រចេញទៅក្រៅទៀត។
នាងបានបិទភ្នែករបស់នាង និងបាននិយាយខ្សឹបៗមកខ្ញុំថា “កុំឲ្យកូនយើងដឹងរឿងនេះ”។ ខ្ញុំបានងក់ក្បាល
និងមានអារម្មណ៍មិនសប្បាយចិត្តដែរ។ ខ្ញុំលែងដៃនាង ឲ្យនាងរកមធ្យោបាយធ្វើដំណើរខ្លួនឯង
និងបានបើកឡានទៅកាន់កន្លែងធ្វើការតែឯង។
នៅថ្ងៃទីពីរ យើងទាំងពីរមិនសូវឆ្គងដូចថ្ងៃដំបូងពេកទេ។
នាងគេងលើទ្រូងខ្ញុំ ហើយខ្ញុំអាចស្រង់ក្លិនលើរាងកាយនាង។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថា
ខ្ញុំមិនបានសម្លឹងនារីម្នាក់នេះឲ្យបានល្អិតល្អន់ជាយូរមកហើយ។ នាងមិនមែននៅក្មេងនោះទេ
នៅលើមុខនាងមានស្នាមជ្រីវជ្រួញ និងស្កូវដោយអន្លើ។ ភ្លាមនោះខ្ញុំភ្ញាក់ខ្លួនថា តើខ្ញុំបានធ្វើអ្វីខ្លះលើនាង?
នៅថ្ងៃទីបី ពេលដែលខ្ញុំចាប់បីនាងឡើងមានអារម្មណ៍ថាភាពជិតស្និតបានវិញត្រឡប់មកវិញ។
នារីម្នាក់នេះជាមនុស្សម្នាក់ដែលបានផ្ញើជីវិតដប់ឆ្នាំជាមួយខ្ញុំ។ នៅថ្ងៃទី បួន និងទីប្រាំ
ខ្ញុំមានអារម្មណ៍ថាភាពស្និតស្នាលនេះកាន់តែជ្រាលជ្រៅឡើងៗ។ ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំកាន់តែយល់ច្រើនពីនាង។
នៅព្រឹកមួយនោះ នាងបានជ្រើសរើសសំលៀកបំពាក់ស្លៀក
និងបានលសំលៀកបំពាក់មួយចំនួន ប៉ុន្តែមិនសមនឹងនាងសោះ។ បន្ទាប់មកនាងរអ៊ូម្នាក់ឯង “ឥលូវសំលៀកបំពាក់នេះធំៗដល់ហើយ”។ រំពេចនោះ ខ្ញុំយល់កាន់តែច្បាស់ថា
នាងស្គមជាងមុន ប្រហែលបែបនេះហើយទើបបានជាខ្ញុំអាចបីនាងបានដោយស្រួល។ នាងពិតជាបានលះបង់
និងឈឺចាប់ច្រើនណាស់ដោយសារខ្ញុំកន្លងមក។ ខ្ញុំបានដើរទៅជិតនាងដោយមិនដឹងខ្លួន និងបានស្ទាបមុខនាង។
បានបន្តិច កូនប្រុសរបស់យើងបានចូលមកដល់
និងស្រែកថា ”ប៉ាប៉ាដល់ពេលដែលនាំម៉ាក់ចេញដើរលេងខាងក្រៅហើយ”។ ការឃើញឪពុករបស់ខ្លួននាំម្ដាយចេញទៅដើរលេងខាងក្រៅ
ក្លាយជាផ្នែកមួយដ៏កក់ក្ដៅសម្រាប់ជីវិតគេ។ ឃើញដូចនេះប្រពន្ធខ្ញុំនាងបានបក់ដៃហៅកូនឲ្យចូលមកជិត
និងឱបគេយ៉ាងណែន។ ខ្ញុំបានងាកមុខចេញព្រោះខ្លាចខ្លួនឯងផ្លាស់ប្ដូរចិត្តនៅនាទីចុងក្រោយនេះ។
បន្ទាប់មកខ្ញុំបានកាន់ដៃនាងដើរចេញពីបន្ទប់ ឆ្ពោះទៅបន្ទប់ទទួលភ្ញៀវ និងក្រោយមកទៅកាន់ផ្លូវចេញ។
នាងបានឱបកខ្ញុំថ្នមៗប្រកបដោយភាពទន់ភ្លន់។ ខ្ញុំឱបនាងវិញយ៉ាងណែន ហាក់ដូចជាថ្ងៃនោះជាថ្ងៃរៀបការយើងទាំងពីរដែរ។
ខ្ញុំមានអារម្មណ៍សោកសៅនឹងរូបរាងស្គមស្គាំងរបស់នាង។
នៅថ្ងៃចុងក្រោយនេះ ពេលដែលខ្ញុំកំពុងកាន់ដៃនាងបែបនេះ ខ្ញុំពិតជាមានអារម្មណ៍តានតឹងជាខ្លាំងមិនចង់ដើរចេញពីនាងសោះ។
ខ្ញុំចាប់ដៃនាងយ៉ាងណែន និងនិយាយទៅកាន់នាងថា “បងមិនបានចាប់អារម្មណ៍ទាល់តែសោះថាជីវិតយើងទាំងពីរខ្វះភាពស្និទ្ធស្នាលជាយូរយ៉ាងនេះ”។
ក្រោយមកខ្ញុំបានបើកបរទៅធ្វើការ។ ពេលនេះខ្ញុំហាក់ប្រញាប់ប្រញាល់ខុសធម្មតាព្រោះខ្លាចខ្លួនឯងផ្លាស់ប្ដូរចិត្តទៀត។
ពេលទៅដល់មុខក្រុមហ៊ុនខ្ញុំបានចតឡាន និងប្រញាប់រត់ទៅ office របស់ខ្ញុំទាំងមិនបានចាក់សោឡាន។ ពេលទៅដល់បន្ទប់នារីទីបី
នាងបានបើកទ្វារឡើង ខ្ញុំឆ្លើយភ្លាមៗដោយមិនបង្អង់ថា “រក្សា! ខ្ញុំសុំទោស ពេលនេះខ្ញុំលែងចង់លែងលះជាមួយប្រពន្ធខ្ញុំទៀតហើយ”។
នាងមើលមកខ្ញុំដោយភាពភ្ញាក់ផ្អើល និងស្ទាបថ្ងាសខ្ញុំ។
នាងបន្ត “អត់មានក្ដៅខ្លួនទេអ្អេ?”។ ខ្ញុំគ្រវាសដៃនាងចេញ
និងបាននិយាយឡើងវិញម្ដងទៀតថា ”សុំទោស រក្សា! ខ្ញុំមិនលែងប្រពន្ធខ្ញុំទេ។
ចំណងអាពាហ៍ពិពាហ៍ខ្ញុំចាប់ផ្ដើមធុញទ្រាន់ប្រហែលដោយសារយើងទាំងពីរមិនបានស្វែងយល់ពីគ្នាឲ្យបានច្រើន
មិនមែនដោយសារយើងមិនស្រលាញ់គ្នានោះទេ។ ឥលូវ ឆ្លងកាត់រយៈពេលមួយខែចុងក្រោយនេះ ខ្ញុំយល់ច្បាស់ហើយថា
តាំងពីថ្ងៃដែលខ្ញុំកាន់ដៃនាងចូលរោងការ ខ្ញុំត្រូវមើលថែរក្សានាងអស់មួយជីវិតរបស់ខ្ញុំ”។ រក្សាពេលនោះភ្ញាក់ខ្លួនព្រើត
និងបានទះខ្ញុំមួយកំផ្លៀងយ៉ាងខ្លាំង ស្រែកយំ និងចាកចេញទៅដោយបិទទ្វារមួយទំហឹង។ ក្រោយមកខ្ញុំបានដើរចុះក្រោម
និងបើកឡានចេញ។ ខ្ញុំបានឈប់នៅមុខហាងផ្កាមួយដែលនៅតាមផ្លូវ និងបានទិញផ្កាមួយបាច់សម្រាប់ប្រពន្ធខ្ញុំ។
អ្នកលក់បានសួរខ្ញុំថាចង់សរសេរអ្វីនៅលើនោះ។ ខ្ញុំញញឹមតប និងសរសេរដោយខ្លួនឯង “បងនឹងកាន់ដៃអូនរហូតដល់ជីវិតចុងក្រោយរបស់បង”។
នៅល្ងាចនោះ ខ្ញុំបានត្រឡប់មកផ្ទះដោយមានផ្កាជាប់នឹងដៃ
ទឹកមុខញញឹមញញែម។ ខ្ញុំបានរត់ទៅជាន់លើទៅរកនាងក្នុងបន្ទប់គេង ប៉ុន្តែអ្វីៗយឺតពេលទៅហើយ
នាងបានចាកចោលខ្ញុំបាត់ទៅហើយ។ នាងមានជំងឺមហារីកជាច្រើនខែកន្លងមកហើយ ហើយដោយសារតែរវល់ចំណាយពេលជាមួយអ្នកទីបីខ្ញុំភ្លេចគិតពីនាង។
អ្វីដែលនាងធ្វើចុងក្រោយនេះ ដើម្បីបន្សល់ទុកនៅអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នា ហើយបើទោះជាខ្ញុំលែងលះនឹងនាង
ក៏ចង់ឲ្យខ្ញុំនេះជាឪពុក និងជាប្ដីដ៏ល្អក្នុងក្រសែភ្នែកកូនប្រុសយើងទាំងពីរ។
ពេលនេះខ្ញុំកាន់តែយល់ច្បាស់ថា សុភមង្គលមិនកើតពីភូមិគ្រឹះដ៏ធំស្កឹមស្កៃ
ឡានទំនើបៗ និងទ្រព្យសម្បត្តិនោះទេ ប៉ុន្តែគឺទំនាក់ទំនងស្អិតល្មួតដែលយើងមានជាមួយគ្នារៀងរាល់ថ្ងៃទៅវិញទេ។
ចូរចំណាយពេលវេលាដែលអ្នកមានឲ្យបានច្រើននៅជាមួយដៃគូរបស់អ្នក
កុំឲ្យអ្វីៗយឺតពេលដូចរូបខ្ញុំ៕

No comments:
Post a Comment